ព្រះត្រៃបិដក ភាគ ៧៧

សំឡេង​ហ៊ោ ក៏​ប្រព្រឹត្តទៅ ពួក​មនុស្ស ព្រមទាំង​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ នាំគ្នា​ទះដៃ អបអរសាទរ ធ្វើ​អញ្ជលី​នមស្ការ​ថា បើ​យើង​ឃ្វាង​មគ្គផល ក្នុង​សាសនា​ព្រះ​លោកនាថ​អង្គ​នេះ គង់​យើង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​នឹង​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​បាន យ៉ាងណា ពួក​យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក្នុង​អនាគត យ៉ាងនោះ​ដែរ។ តថាគត លុះ​បាន​ស្តាប់​នូវ​ព្រះពុទ្ធដីកា​នៃ​ព្រះ​ជិនស្រី​អង្គ​នោះ​ហើយ ធ្វើ​ចិត្ត​ឲ្យ​រឹតតែ​ជ្រះថ្លា​ថែមទៀត ខំ​អធិដ្ឋាន​វត្ត​តទៅទៀត ដើម្បី​បំពេញ​បារមី​ទាំង ១០។ ព្រះមហេសី ព្រះនាម​តិស្សៈ មាន​ទីក្រុង​ឈ្មោះ​ខេម​កៈ មាន​ព្រះមហាក្សត្រ ព្រះនាម​ជន​សន្ទៈ ជា​ព្រះបិតា មាន​ព្រះ​ជននី ព្រះនាម​បទុមា។
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 637644693481245649
ទៅកាន់ទំព័រ៖