ព្រះត្រៃបិដក ភាគ ៧៧
បុស្សពុទ្ធវង្ស ទី១៨
[១៩] ក្នុងមណ្ឌកប្បនោះឯង មានព្រះសាស្តា ព្រះនាមបុស្សៈ ទ្រង់មិនមានបុគ្គលក្រៃលែងជាង មិនមានបុគ្គលប្រៀបផ្ទឹមបាន ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ជានាយកប្រសើរក្នុងលោក។ ព្រះពុទ្ធអង្គនោះ ទ្រង់កំចាត់បង់ងងឹតទាំងអស់ ហើយត្រដោះគ្រឿងចាក់ស្រែះធំ (កិលេស) ទ្រង់ញ៉ាំងមនុស្ស ព្រមទាំងទេវតា ឲ្យឆ្អែតស្កប់ស្កល់ ទ្រង់បង្អុរភ្លៀងទឹកអម្រឹតចុះមក។ កាលព្រះពុទ្ធ ព្រះនាមបុស្សៈ ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ ការត្រាស់ដឹងលើកទី ១ មានពួកសត្វ ៨០ សែន ក្នុងមង្គលនៃថ្ងៃនក្ខត្តឫក្ស។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ សែន ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ សែន។ ព្រះមហេសី ព្រះនាមបុស្សៈ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រព ៦០ សែន សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន។
ID: 637644694153589413
ទៅកាន់ទំព័រ៖