ព្រះត្រៃបិដក ភាគ ៧៧
កាលដែលតថាគត នៅជាទេវបុត្រឈ្មោះ សន្តុសិតៈ ក្នុងពួកទេវបុត្រជាន់តុសិត កាលនោះ ទេវតាមួយម៉ឺនលោកធាតុ មកប្រជុំគ្នា ធ្វើអញ្ជលីអារាធនាតថាគតថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គហើយ សូមព្រះអង្គទ្រង់កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោក ព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វានឈ្មោះអមតៈ។ កាលណា តថាគតច្យុតចាកពួកទេវតាជាន់តុសិត មកចាប់បដិសន្ធិក្នុងផ្ទៃ (នៃមាតា) កាលនោះ លោកធាតុមួយម៉ឺន និងព្រះធរណីញាប់ញ័រ។ កាលដែលតថាគតប្រសូតចាកផ្ទៃមាតា ក៏ដឹងខ្លួនច្បាស់លាស់ ពួកទេវតាញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅ លោកធាតុមួយម៉ឺនញាប់ញ័រ។ តថាគតមិនមានបុគ្គលស្មើ ក្នុងការចុះកាន់គភ៌ព្រះមាតានៃតថាគត ជាបុគ្គលប្រសើរបំផុត ក្នុងការប្រសូតិចាកផ្ទៃមាតា ក្នុងការត្រាស់ដឹង និងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ។ ឱ! ព្រះពុទ្ធទាំងឡាយមានគុណដ៏ធំជាអស្ចារ្យក្នុងលោកពេកណាស់ លោកធាតុមួយម៉ឺនញាប់ញ័រ អស់វារៈ ៦ លើក។
ID: 637644645853702595
ទៅកាន់ទំព័រ៖