ព្រះត្រៃបិដក ភាគ ៧៧
លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ភិក្ខុនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ខេមាភិក្ខុនី ១ ឧប្បលវណ្ណាភិក្ខុនី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។
ID: 637644694533433882
ទៅកាន់ទំព័រ៖