ព្រះត្រៃបិដក ភាគ ៧៧
ពួកមនុស្ស និងទេវតា លុះឮព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើហើយ ក៏រីករាយថា ភិក្ខុនេះជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលអនាគតមិនខាន។ ចំណែកខាងតថាគត បានស្តាប់ព្រះពុទ្ធដីកា នៃព្រះបុស្សសម្ពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យរឹងរឹតតែជ្រះថ្លា ហើយខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមីទាំង ១០ ប្រការ។ តថាគត រៀនយកនូវព្រះសូត្រផង ព្រះវិន័យផង ពាក្យប្រៀនប្រដៅព្រះសាស្តា ប្រកបដោយអង្គ ៩ ទាំងអស់ផង ហើយញ៉ាំងសាសនាព្រះជិនស្រី ឲ្យរុងរឿង។ តថាគតមិនប្រមាទ សម្រេចសម្រាន្តនៅក្នុងសាសនានោះ ខំចម្រើនភាវនា ដែលប្រកបដោយព្រហ្មវិហារ ហើយដល់នូវបារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក។
ID: 637644694774214504
ទៅកាន់ទំព័រ៖