ព្រះត្រៃបិដក ភាគ ៧៧
វិបស្សីពុទ្ធវង្ស ទី១៩
[២០] ក្រោយអំពីព្រះពុទ្ធ ព្រះនាមបុស្សៈមក មានព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ដ៏ឧត្តមជាងសត្វជើង ២ ទ្រង់មានចក្ខុកើតឡើងក្នុងលោក។ ព្រះអង្គទ្រង់រំលាយស៊ុត គឺអវិជ្ជាចេញ ហើយដល់សម្ពោធិញ្ញាណដ៏ឧត្តម ទ្រង់ចៀសចេញទៅកាន់ពន្ធុមតីបុរី ដើម្បីញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ។ ព្រះនាយក ទ្រង់ញ៉ាំងចក្រគឺធម៌ ឲ្យប្រព្រឹត្តទៅរួចហើយ ញ៉ាំងខណ្ឌរាជកុមារ និងតិស្សកុមារ ទាំងពីរឲ្យត្រាស់ដឹង ការត្រាស់ដឹងលើកទី ១ មានចំនួនសត្វ គេមិនគប្បីពោលដោយការរាប់ឡើយ។ តមកទៀត ព្រះពុទ្ធជាម្ចាស់មានយសរាប់មិនបាន ប្រកាសសច្ចៈទាំង ៤ ក្នុងបុរីនោះ ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួន ៨ ហ្មឺន ៤ ពាន់។ មានមនុស្ស ៨ ហ្មឺន ៤ ពាន់ បួសតាមព្រះពុទ្ធ ព្រះពុទ្ធមានចក្ខុ ទ្រង់សម្តែងធម៌ដល់បព្វជិតទាំងនោះ ដែលមកដល់អារាម។
ID: 637644695406870675
ទៅកាន់ទំព័រ៖