ព្រះត្រៃបិដក ភាគ ៧៧

ពួក​មនុស្ស និង​ទេវតា លុះ​បាន​ស្តាប់​ព្រះពុទ្ធដីកា​នេះ នៃ​ព្រះមហេសី ឥតមាន​បុគ្គល​ស្មើ ហើយ​រីករាយ​ថា នាគរាជ​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ សំឡេង​ហ៊ោ ក៏​ប្រព្រឹត្តទៅ ពួក​មនុស្ស ព្រមទាំង​ទេវតា ទាំង​មួយ​ហ្មឺន​លោកធាតុ នាំគ្នា​ទះដៃ​អបអរ ធ្វើ​អញ្ជលី​នមស្ការ​ថា បើ​ពួក​យើង​ឃ្វាង​មគ្គផល ក្នុង​សាសនា​ព្រះ​លោកនាថ​អង្គ​នេះ គង់​នឹង​សម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក្នុង​អនាគតកាល​ជាមិនខាន។ ពួក​មនុស្ស កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ​បាន យ៉ាងណាមិញ។ ពួក​យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ គង់​បានសម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​គោតម​នេះ ក្នុង​អនាគតកាល យ៉ាងនោះ​ដែរ។ តថាគត បាន​ស្តាប់​ព្រះពុទ្ធដីកា នៃ​ព្រះ​ជិនស្រី​អង្គ​នោះ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា បាន​ខំ​អធិដ្ឋាន​វត្ត​តទៅ ដើម្បី​បំពេញ​បារមី​ទាំង ១០ ប្រការ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637644696242495696
ទៅកាន់ទំព័រ៖