ព្រះត្រៃបិដក ភាគ ៧៧
កាលព្រះសិខីប្រសើរជាងគណៈ ឧត្តមជាងជន ទ្រង់សម្តែងធម៌ដទៃទៀត ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួន ៩០ ពាន់កោដិ។ កាលព្រះសិខី ទ្រង់សម្តែងយមកប្បាដិហារ្យក្នុងមនុស្សលោក ព្រមទាំងទេវលោក ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ ពាន់កោដិ។ ព្រះមហេសី ព្រះនាមសិខី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ឥតមានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានភិក្ខុចំនួនមួយសែនរូប សន្និបាតលើកទី ២ មានពួកភិក្ខុចំនួន ៨ ហ្មឺនរូប។ សន្និបាតលើកទី ៣ មានភិក្ខុចំនួន ៧ ហ្មឺនរូប ជាសមាគម មិនប្រឡាក់ (ដោយពួកបុថុជ្ជន) ដូចបទុមជាតិ ដែលលូតលាស់នៅក្នុងទឹក។ សម័យនោះ តថាគតជាក្សត្រ នាមអរិន្ទមៈ បានញ៉ាំងព្រះសង្ឃ មានព្រះសម្ពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។
ID: 637644697128277030
ទៅកាន់ទំព័រ៖