ព្រះត្រៃបិដក ភាគ ៧៧
តថាគត បានប្រគេនសំពត់ជាច្រើន គឺកោដិនៃសំពត់មិនតិច ហើយថ្វាយយានដំរីដ៏ប្រដាប់ហើយដល់ព្រះសម្ពុទ្ធ។ តថាគត សាងយានដំរី ហើយបង្អោនចូលទៅជិត ឲ្យជារបស់គួរ បំពេញចិត្តរបស់តថាគត ឲ្យតម្កល់នៅមាំ អស់កាលជានិច្ច។ ព្រះពុទ្ធ ព្រះនាមសិខី ជាលោកគ្គនាយកនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បទី ៣១ អំពីមណ្ឌកប្បនេះ ព្រះរាជាអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីកបិលពស្តុបុរី ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលយកបាយាសនៅទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។
ID: 637644697335620790
ទៅកាន់ទំព័រ៖