ព្រះត្រៃបិដក ភាគ ៧៧
ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ហើយរីករាយថា ព្រះរាជាអង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងអនាគតកាលមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ខាងលើ គង់ទៅកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងបាន យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ យ៉ាងនោះដែរ។ ឯតថាគត លុះបានស្តាប់ព្រះពុទ្ធដីកា នៃព្រះអង្គនោះហើយ រឹងរឹតតែធ្វើចិត្តឲ្យជ្រះថ្លា ហើយបានខំអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០ ប្រការ។
ID: 637644697743120650
ទៅកាន់ទំព័រ៖