ព្រះត្រៃបិដក ភាគ ៧៧

ព្រះមហេសី ព្រះនាម​សិខី មាន​ទីក្រុង​ឈ្មោះ​អរុណ​វតី មាន​ព្រះមហាក្សត្រ ព្រះនាម​អរុ​ណៈ ជា​ព្រះបិតា មាន​ព្រះ​ជននី ព្រះនាម​បភាវ​តី។ ព្រះអង្គ​ទ្រង់​គ្រប់គ្រង​គេហដ្ឋាន អស់ ៧ ពាន់​ឆ្នាំ ទ្រង់​មាន​ប្រាសាទ​ដ៏​ប្រសើរ ៣ ខ្នង គឺ​ប្រាសាទ​ឈ្មោះ​សុ​វឌ្ឍកៈ ១ ប្រាសាទ​ឈ្មោះ​គិរី ១ ប្រាសាទ​ឈ្មោះ​នារី​វាហនៈ ១។ ពួក​នារី​ចំនួន ២ ហ្មឺន ៤ ពាន់ សឹង​មានខ្លួន​តាក់តែង​ល្អ​ហើយ ឯនាង​នារី​ជា​អគ្គមហេសី​នោះ ព្រះនាម​សព្វ​កាមា ព្រះរាជបុត្រ​ព្រះនាម​អតុ​លៈ។ (ព្រះ​តថាគត) ជា​បុរស​ដ៏​ឧត្តម ទ្រង់​ឃើញ​និមិត្ត​ទាំង ៤ ហើយ​ចេញទៅ​ដោយ​យាន​ដំរី បាន​ប្រព្រឹត្ត​ធ្វើ​ព្យាយាម អស់៨ ខែ​គត់។ ព្រះ​សិខី​លោក​គ្គ​នាយក មាន​ព្យាយាម​ដ៏​ធំ ប្រសើរ​ជាង​ជន ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​មិគទាយវ័ន។ ព្រះមហេសី ព្រះនាម​សិខី មាន​អភិភូ​ភិក្ខុ ១ សម្ភវ​ភិក្ខុ ១ ជា​អគ្គសាវ័ក ភិក្ខុ​ឈ្មោះ​ខេ​មង្ករៈ​ជា​ឧបដ្ឋាក។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637644697941401994
ទៅកាន់ទំព័រ៖