ព្រះត្រៃបិដក ភាគ ៧៧
ព្រះវេស្សភូ ជាលោកនាយក ទ្រង់សម្តែងធម្មចក្រ មានពួកបរិស័ទចំនួន ៨០ ពាន់កោដិ បានត្រាស់ដឹងក្នុងគ្រាជាដំបូង។ កាលដែលព្រះលោកជេដ្ឋៈ ប្រសើរជាងពួកនរជន ចៀសចេញទៅកាន់ចារិកក្នុងដែន មានពួកបរិស័ទចំនួន ៧០ ពាន់កោដិ បានត្រាស់ដឹងក្នុងគ្រាទី ២។ ព្រះជិនស្រីអង្គនោះ ទ្រង់បន្ទោបង់នូវមហាទិដ្ឋិ ហើយធ្វើនូវបាដិហារ្យ ពួកមនុស្ស និងទេវតា ក្នុងមួយហ្មឺនលោកធាតុ ព្រមទាំងទេវលោក ក៏បានមកប្រជុំគ្នា។ ពួកទេវតា និងមនុស្ស ចំនួន ៦០ កោដិ ឃើញហេតុអស្ចារ្យធំចំឡែក ជាទីព្រឺរោមហើយ ក៏បានត្រាស់ដឹង (ក្នុងគ្រាទី ៣)។ ព្រះពុទ្ធ ព្រះនាមវេស្សភូ ស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ គឺសន្និបាតលើកទី ១ មានភិក្ខុចំនួន ៨០ ពាន់កោដិ សន្និបាតលើកទី ២ មានភិក្ខុចំនួន ៧០ ពាន់កោដិ។
ID: 637644698650620646
ទៅកាន់ទំព័រ៖