ព្រះត្រៃបិដក ភាគ ៧៧

ពួក​នារី​មិន​ខ្វះ​ពី ៣០ ពាន់​នាក់ មានខ្លួន​ប្រដាប់​សមរម្យ ឯនា​រី​ជា​អគ្គមហេសី ព្រះនាម​សុចិត្តា ព្រះរាជបុត្រ ព្រះនាម​សុ​ប្ប​ពុទ្ធ។ ព្រះសម្ពុទ្ធ ជា​បុរស​ដ៏​ឧត្តម បានឃើញ​នូវ​និមិត្ត ៤យ៉ាង ស្តេច​ចេញទៅ​ទ្រង់ព្រះ​ផ្នួស​ដោយ​វ បាន​ប្រព្រឹត្ត​ព្យាយាម អស់ ៦ ខែ។ ព្រះ​វេស្សភូ ជា​លោកនាយក មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ មាន​ចក្រ គឺ​ធម៌​ប្រព្រឹត្តទៅ មាន​ព្យាយាម​ធំ ឧត្តម​ជាង​ពួក​ជន ត្រូវ​មហាព្រហ្ម​អារាធនា​ហើយ ក្នុង​អរុណា​រាម។ ព្រះ​វេស្សភូ​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​ព្រះ​ថេរៈ​ឈ្មោះ​សោ​ណៈ ១ ឧត្តរៈ ១ ជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​ឧប​សន្តៈ ជា​ឧបដ្ឋាក។ ព្រះ​ថេរី​ឈ្មោះ​រាមា ១ សមា​លា ១ ជា​អគ្គសាវិកា ឯឈើ​សម្រាប់​ត្រាស់​ដឹង របស់​ព្រះមានព្រះភាគ​អង្គ​នោះ គេ​តែង​ហៅថា មហាសាល​ព្រឹក្ស។ ឧបាសក​ឈ្មោះ​សោត្ថិ​កៈ ១ រម្មៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​គោតមី ១ សិរិ​មា ១ ជា​អគ្គ​ឧបដ្ឋាយិកា។
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 637644699754214404
ទៅកាន់ទំព័រ៖