ព្រះត្រៃបិដក ភាគ ៧៧

រស្មី​មាន​កំពស់ ៦០ ហត្ថ មាន​ឧបមា​ស្មើដោយ​ប្រាសាទ​មាស ផ្សាយ​ចេញពី​ព្រះ​កាយ ដូច​អណ្តាត​ភ្លើង​លើកំពូល​ភ្នំ ក្នុង​វេលា​យប់។ ព្រះសម្ពុទ្ធ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ​អង្គ​នោះ មាន​ព្រះជន្មាយុ ៦ ម៉ឺន​ឆ្នាំ ព្រះអង្គ​ឋិតនៅ​អស់​កាល​ត្រឹមនោះ ញ៉ាំង​ប្រជុំជន​ជាច្រើន​ឲ្យ​ឆ្លង (ចាក​សង្សារ)។ ព្រះសម្ពុទ្ធ​អង្គ​នោះ ព្រមទាំង​សាវ័ក ញែក​ធម៌​ធ្វើឲ្យ​ពិស្តារ តម្កល់​មហាជន​ក្នុង​សំពៅ គឺ​ធម៌ ហើយ​បរិនិព្វាន។ ជន​ទាំងអស់​នោះ វិហារ និង​ឥរិយាបថ ជា​របស់​ដែលគេ​គប្បី​រមិលមើល របស់​ទាំងអស់​នេះ វិនាស​សាបសូន្យ​អស់​ទៅ ឱ! សង្ខារ​ទាំងពួង ជា​របស់​ទទេ​ទេតើ។ ព្រះ​ជិនស្រី​ដ៏​ប្រសើរ ព្រះនាម​វេស្សភូ​ជា​សាស្តា បរិនិព្វាន​ក្នុង​ខេមា​រាម ព្រះធាតុ​ផ្សាយ​ទៅ ក្នុង​ប្រទេស​នោះៗ។

ចប់ វេស្សភូ​ពុទ្ធវង្ស ទី២១។

ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637644699981402022
ទៅកាន់ទំព័រ៖