ព្រះត្រៃបិដក ភាគ ៧៧
ព្រះជិនស្រីនោះ នឹងសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចសំដៅទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែង។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរហើយ នឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតានៃព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ក្សត្រនេះ ជាព្រះពុទ្ធព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជាឧបដ្ឋាកបម្រើព្រះជិនស្រីនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវិកា។ ឈើជាទីត្រាស់ដឹង របស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវក ១ ជាអគ្គឧបដ្ឋាក។
ID: 637644700682183157
ទៅកាន់ទំព័រ៖