ព្រះត្រៃបិដក ភាគ ៧៧

ឧបាសិកា​ឈ្មោះ​នន្ទ​មាតា ១ ឧត្តរា ១ នឹងជា​អគ្គ​ឧបដ្ឋាយិកា ព្រះ​គោតម​មានយស​អង្គ​នោះ មាន​ព្រះជន្មាយុ ១០០ ឆ្នាំ។ ពួក​មនុស្ស និង​ទេវតា បាន​ស្តាប់​ព្រះពុទ្ធដីកា​នេះ​របស់​ព្រះសម្ពុទ្ធ ទ្រង់​មិន​មាន​បុគ្គល​ស្មើ ស្វែងរក​នូវ​គុណ​ដ៏​ធំ​ហើយ ក៏​រីករាយ​ថា ក្សត្រ​អង្គ​នេះ ជា​ពូជ​ពន្លក​នៃ​ព្រះពុទ្ធ។ ពួក​មនុស្ស ព្រមទាំង​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ មាន​សំឡេង​ហ៊ោ ទះដៃ​អបអរ ធ្វើ​អញ្ជលី​នមស្ការ​ថា បើ​យើង​នឹង​ឃ្វាង​មគ្គផល ក្នុង​សាសនា​នៃ​ព្រះ​លោកនាថ​អង្គ​នេះ យើង​គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ មនុស្ស​ទាំងឡាយ កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ​ហើយ គង់​នឹង​កាន់​យក​នូវ​កំពង់​ខាងក្រោម ហើយ​ឆ្លង​នូវ​ស្ទឹងធំ​បាន​ដែរ យ៉ាងណាមិញ។ យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ​ហើយ គង់តែ​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​ពុំខាន ក៏​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637644700895620948
ទៅកាន់ទំព័រ៖