ព្រះត្រៃបិដក ភាគ ៧៧
ព្រះជិនស្រី ឃើញនូវនិមិត្តទាំង ៤ ទ្រង់ចេញទៅដោយរថយាន តម្កល់ទុកនូវព្យាយាម មិនលើសពី ៨ ខែ។ ព្រះកក្កុសន្ធៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមធំ ទ្រង់ឧត្តមជាងពួកជន ត្រូវព្រហ្មអារាធនាហើយ ទើបញ៉ាំងចក្រ ឲ្យប្រព្រឹត្តទៅក្នុងមិគទាយវ័ន។ ព្រះកក្កុសន្ធៈ ស្វែងរកនូវគុណដ៏ធំ មានព្រះថេរៈ ឈ្មោះវិធុរៈ ១ សញ្ជីវៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះពុទ្ធិជៈជាឧបដ្ឋាក។ ព្រះថេរី ឈ្មោះសាមា ១ ឈ្មោះចម្បា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថាសិរិសព្រឹក្ស (ដើមច្រេស)។ ឧបាសកឈ្មោះអច្ចុគ្គតៈ ១ សុមនៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនន្ទា ១ សុនន្ទា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី មានកំពស់ ៤០ ហត្ថ រស្មីដូចជាមាស ផ្សាយចេញទៅកាន់ទីចម្ងាយ ១០ យោជន៍ ដោយជុំវិញ។
ID: 637644701304058191
ទៅកាន់ទំព័រ៖