ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធអង្គនោះ បានបំពេញបារមីធម៌ទាំង ១០ កន្លងផ្លូវឆ្ងាយគឺជាតិ លះបង់មន្ទិលទាំងអស់ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះកោនាគមនសម្ពុទ្ធ ជានាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកសត្វចំនួន ៣ម៉ឺនកោដិ បានត្រាស់ដឹងដំបូង។ កាលទ្រង់ធ្វើបាដិហារិយ៍ ញាំញីពាក្យត្មះតិះដៀលនៃជនដទៃ ពួកសត្វចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជាលើកទី ២។ លំដាប់ពីនោះ ព្រះជិនស្រីធ្វើនូវវិកុព្វនបាដិហារិយ៍ ហើយទ្រង់យាងទៅកាន់ទេវបុរី ព្រះសម្ពុទ្ធគង់នៅលើបណ្ឌុកម្ពលសិលា ក្នុងទេវលោកនោះ។ ព្រះមុនីនោះ កាលសម្តែងសត្តបករណាភិធម្ម គង់ចាំវស្សា (ក្នុងទេវលោក) ពួកសត្វចំនួនមួយម៉ឺនកោដិ បានត្រាស់ដឹងជាលើកទី ៣។ ព្រះពុទ្ធជាទេវតា ទ្រង់ប្រសើរជាងទេវតាអង្គនោះ ទ្រង់មានសាវកសន្និបាតតែមួយដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។
ID: 637644701774527200
ទៅកាន់ទំព័រ៖