ព្រះត្រៃបិដក ភាគ ៧៧
សាវកសមាគមក្នុងកាលនោះ មានភិក្ខុ ៣ ម៉ឺន ដែលកន្លងឱឃៈ ផ្តាច់បង់មច្ចុ។ សម័យនោះ តថាគតជាក្សត្រឈ្មោះបព្វតៈ បរិបូណ៌ដោយមិត្ត និងអាមាត្យ មានពល និងពាហនៈច្រើន។ តថាគតទៅគាល់ព្រះសម្ពុទ្ធ ស្តាប់ធម៌ដ៏ប្រសើរ ហើយនិមន្តព្រះសង្ឃ ព្រមទាំងព្រះជិនស្រី ថ្វាយទានតាមសេចក្តីប្រាថ្នា។ តថាគតបានថ្វាយវត្ថុ ៤ មុខ គឺសំពត់ចីនប្រទេស ១ សំពត់សូត្រ ១ សំពត់កម្ពល ១ ស្បែកជើងមាស ១ ចំពោះព្រះសាស្តា ព្រមទាំងសាវ័ក។ ព្រះមុនីនោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ទ្រង់ព្យាករតថាគតថា មហាបុរសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងភទ្ទកប្បនេះ។ សត្វនេះ នឹងចេញពីនគរកបិលពស្តុ ជាទីត្រេកអរ តាំងនូវព្យាយាម ធ្វើទុក្ករកិរិយា។
ID: 637644701992339726
ទៅកាន់ទំព័រ៖