ព្រះត្រៃបិដក ភាគ ៧៧
សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានឆាន់បាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចសំដៅទៅឯពោធិមណ្ឌល តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ មហាបុរសមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបានត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ក្សត្រអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។
ID: 637644702177340041
ទៅកាន់ទំព័រ៖