ព្រះត្រៃបិដក ភាគ ៧៧

យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​នេះ គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​អនាគតកាល ក៏​យ៉ាងនោះ​ដែរ។ តថាគត ស្តាប់​ព្រះពុទ្ធដីកា​នៃ​ព្រះសម្ពុទ្ធ​នោះ​ហើយ ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ដោយ​ក្រៃលែង បាន​ខំ​អធិដ្ឋាន​វត្ត​តទៅ ដោយ​ការ​បំពេញ​នូវ​បារមី​ទាំង ១០។ តថាគត​ប្រសើរ​ជាង​ជន កាល​ស្វែងរក​សព្វញ្ញុតញ្ញាណ បាន​ឲ្យ​ទាន លះបង់​រាជសម្បត្តិ​ដ៏​ធំ ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី។ មាន​នគរ​ឈ្មោះ​សោ​ភវ​តី ក្សត្រ​ព្រះនាម​សោ​ភៈ ត្រកូល​ធំ​របស់​ព្រះពុទ្ធ​នៅក្នុង​នគរ​នោះ។ ព្រាហ្មណ៍​ឈ្មោះ​យញ្ញ​ទត្ត (ជា​ព្រះបិតា) នាង​ឧត្តរា ជា​ព្រះមាតា​របស់​ព្រះសម្ពុទ្ធ ព្រះនាម​កោនាគមនៈ ជា​សាស្តា​នោះ។ ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​គង់នៅ​គ្រប់គ្រង​ព្រះដំណាក់ អស់ ៣ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ មាន ៣ គឺ​តុសិត​ប្រាសាទ ១ សន្តុសិត​ប្រាសាទ ១ សន្តុ​ដ្ឋ​ប្រាសាទ ១។
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637644702562339400
ទៅកាន់ទំព័រ៖