ព្រះត្រៃបិដក ភាគ ៧៧

មាន​នារី​មិន​ខ្វះ​ពី ១ ម៉ឺន ៦ ពាន់​នាក់ មានខ្លួន​ប្រដាប់​សមរម្យ ឯនា​រី​ជា​អគ្គមហេសី ព្រះនាម​រុ​ចិ​គត្តា ព្រះរាជបុត្រ ព្រះនាម​សត្ថ​វាហៈ។ បុរស​ដ៏​ឧត្តម​ឃើញ​នូវ​និមិត្ត​ទាំង ៤ យ៉ាង ហើយ​ចេញទៅ​ដោយ​យាន​ដំរី បាន​ប្រព្រឹត្ត​ព្យាយាម អស់ ៦ ខែ។ ព្រះ​កោនាគមនៈ ជា​លោកនាយក មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ មាន​ព្យាយាម​ធំ ប្រសើរ​ជាង​ជន ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ទ្រង់​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​មិគទាយវ័ន។ ព្រះពុទ្ធ ព្រះនាម​កោនាគមនៈ​ដ៏​មានយស មាន​ព្រះ​ថេរៈ​ឈ្មោះ​ភិយ្យោ​សៈ ១ ឧត្តរៈ ១ ជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​សោត្ថិ​ជៈ ជា​ឧបដ្ឋាក។ ព្រះ​ថេរី​ឈ្មោះ​សមុទ្ទា ១ ឧត្តរា ១ ជា​អគ្គសាវិកា ឈើ​សម្រាប់​ត្រាស់​ដឹង នៃ​ព្រះមានព្រះភាគ​អង្គ​នោះ គេ​ហៅថា​ឧទុម្ពរ​ព្រឹក្ស (ដើម​ល្វា)។ ឧបាសក​ឈ្មោះ​ឧគ្គៈ ១ ឈ្មោះ​សោម​ទេវៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​សី​វលា ១ ឈ្មោះ​សា​មា ១ ជា​អគ្គ​ឧបដ្ឋាយិកា។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637644702761245776
ទៅកាន់ទំព័រ៖