ព្រះត្រៃបិដក ភាគ ៧៧
ទាំងជានគរគឹកកងដោយសំឡេង ដែលប្រកបដោយបាយ និងទឹកថា ចូរស៊ី ចូរផឹក ជានគរសម្បូណ៌ដោយសត្វ និងគ្រឿងឧបករណ៍ទាំងពួង បរិបូណ៌ដោយការងារគ្រប់យ៉ាង។ បរិបូណ៌ដោយកែវ ៧ ប្រការ កុះករដោយជនជាតិផ្សេងៗ សម្រេច (ដោយគ្រឿងបរិភោគ និងឧបភោគទាំងពួង) ដូចជានគរនៃទេវតា ជាទីនៅនៃជនអ្នកមានបុណ្យទាំងឡាយ។ វេលានោះ មានសុមេធព្រាហ្មណ៍ នៅក្នុងនគរអមរវតី ជាអ្នកសន្សំនូវទ្រព្យដ៏ច្រើនកោដិ មានទ្រព្យ និងស្រូវច្រើន។ ជាអ្នករៀនមន្ត ចងចាំនូវមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ដល់នូវបារមីក្នុងលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងធម៌របស់ព្រាហ្មណ៍ផង។ កាលនោះ តថាគតនៅក្នុងទីស្ងាត់ ក៏គិតយ៉ាងនេះថា ធម្មតាភពថ្មីទៀត តែងនាំមកនូវសេចក្តីទុក្ខ ការបែកធ្លាយសរីរៈ ក៏នាំមកនូវសេចក្តីទុក្ខដូចគ្នា (សេចក្តីស្លាប់ប្រកបដោយមោហៈ នាំមកនូវទុក្ខ រូបដែលជរាញាំញីហើយ ក៏នាំមកនូវទុក្ខ) អាត្មាអញ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា អាត្មាអញនឹងស្វែងរកព្រះនិព្វាន ដែលមិនចាស់ មិនស្លាប់ ជាទីក្សេមក្សាន្ត។
ID: 637644647231983849
ទៅកាន់ទំព័រ៖