ព្រះត្រៃបិដក ភាគ ៧៧
ឧបាសកឈ្មោះឃដិការ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគ ព្រះនាមកស្សបៈ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង និព្វានក្នុងផលទី ៣ ឃដិការនាំតថាគត ចូលទៅគាល់ព្រះជិនស្រី ព្រះនាមកស្សបៈ តថាគតស្តាប់ធម៌របស់ព្រះពុទ្ធនោះ ក៏បួសក្នុងសំណាក់នៃព្រះអង្គ។ តថាគត មានព្យាយាមក្លៀវក្លា ឈ្លាសវៃ ក្នុងវត្តតូច និងវត្តធំ មិនមានសេចក្តីសាបសូន្យក្នុងសីល និងសមាធិណាមួយឡើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យពេញបរិបូណ៌។ សាសនាព្រះសាស្តាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយទាំងប៉ុន្មាន តថាគតបានរៀននូវធម៌ទាំងអស់នោះ ហើយញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង។ ព្រះពុទ្ធនោះ ឃើញហេតុជាអស្ចារ្យរបស់តថាគត ក៏ទ្រង់ព្យាករថា ជោតិបាលមាណពនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធក្នុងភទ្ទកប្បនេះឯង។ សត្វនេះ នឹងចេញអំពីនគរកបិលពស្តុ ជាទីរីករាយ តម្កល់សេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។
ID: 637644703684683230
ទៅកាន់ទំព័រ៖