ព្រះត្រៃបិដក ភាគ ៧៧
សត្វនេះ នឹងអង្គុយនៅទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅឯស្ទឹងនេរញ្ជរា។ សត្វនេះ សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលសំដៅទៅរកគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់ពីនោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ មាណពនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជាឧបដ្ឋាក នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះនាងខេមា ១ នាងឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងបានជាអគ្គសាវិកា។
ID: 637644703887026932
ទៅកាន់ទំព័រ៖