ព្រះត្រៃបិដក ភាគ ៧៧
ឈើជាទីត្រាស់ដឹងរបស់ព្រះមានជោគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះពុទ្ធរកបុគ្គលស្មើគ្មាន ស្វែងរកគុណធំហើយ ក៏រីករាយថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោឡើង ទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណាមិញ។
ID: 637644704077339408
ទៅកាន់ទំព័រ៖