ព្រះត្រៃបិដក ភាគ ៧៧
ព្រះពុទ្ធជាបុរសដ៏ឧត្តម ឃើញនូវនិមិត្តទាំង ៤ ក៏បានចេញទៅដោយប្រាសាទ ទ្រង់ប្រព្រឹត្តសេចក្តីព្យាយាម អស់ ៧ ថ្ងៃ (បានត្រាស់ជាព្រះពុទ្ធ)។ ព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ជាលោកនាយក មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់ឧត្តមជាងនរជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះថេរៈឈ្មោះតិស្សៈ ១ ភារទ្វាជៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសព្វមិត្ត ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធព្រះនាមកស្សបៈ ស្វែងរកគុណដ៏ធំ។ ព្រះថេរីឈ្មោះអនុលា ១ ឧរុវេលា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានជោគនោះ ហៅថានិគ្រោធព្រឹក្ស (ដើមជ្រៃ)។ ឧបាសកឈ្មោះសុមង្គលៈ ១ ឃដិការៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះវិជិតសេនា ១ ភទ្រា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធនោះ មានកំពស់ ២០ ហត្ថ ដូចជាឆ្នូតនៃផ្លេកបន្ទោរឰដ៏អាកាស ឬដូចជាព្រះចន្ទ្រដែលផ្កាយចោមរោមហើយ។
ID: 637644704488433265
ទៅកាន់ទំព័រ៖