ព្រះត្រៃបិដក ភាគ ៧៧

ព្រះមហេសី​អង្គ​នោះ មាន​ព្រះជន្មាយុ ២ ម៉ឺន​ឆ្នាំ ព្រះអង្គ​ឋិតនៅ​ត្រឹមណោះ ទ្រង់​ញ៉ាំង​ប្រជុំជន​ដ៏​ច្រើន ឲ្យ​ឆ្លង​ចាក (សង្សារ)។ ព្រះអង្គ​និម្មិត​ស្រះ គឺ​ព្រះ​សទ្ធម្ម ទ្រង់ប្រទាន​គ្រឿង​លាប​គឺ​សីល ទ្រង់​ញ៉ាំង​សត្វ​ឲ្យ​ស្លៀកពាក់ គឺ​ព្រះធម៌ ទ្រង់​ចែក​កម្រងផ្កា គឺ​ព្រះធម៌ ទ្រង់​តម្កល់ទុក​កញ្ចក់​មិន​មានមន្ទិល គឺ​ព្រះ​សទ្ធម្ម ចំពោះ​ពួក​មហាជន​ថា ពួក​ជន​ណាមួយ កាល​ប្រាថ្នា​និព្វាន ចូរ​រមិលមើល​គ្រឿងប្រដាប់​របស់​តថាគត​ចុះ។ ព្រះសម្ពុទ្ធ​នោះ ឲ្យ​អាវ គឺ​សីល ឲ្យ​ស្បែក​ក្រោះ​គឺ​ឈាន ឲ្យ​ដណ្តប់​ស្បែក គឺ​ព្រះធម៌ ឲ្យ​កាំបិតស្នៀត​ដ៏​ឧត្តម គឺ​ព្យាយាម។ ឲ្យ​ខែល គឺ​សតិ ឲ្យ​កាំបិត គឺ​ញាណ​ដ៏​មុត ឲ្យ​ព្រះ​ខ័ន​ដ៏​ប្រសើរ គឺ​ធម៌ ឲ្យ​ប្រដាប់​សម្រាប់​ញាំញី​សត្រូវ គឺ​សីល។ ឲ្យ​គ្រឿង​ស្អិតស្អាង គឺ​វិជ្ជា ៣ ឲ្យ​គ្រឿង​ពាក់​ត្រចៀក គឺ​ផល ៤ ឲ្យ​គ្រឿង​អាភរណៈ គឺ​អភិញ្ញា ៦ ឲ្យ​គ្រឿងប្រដាប់​ជា​វិការៈ​នៃ​ផ្កា គឺ​ព្រះ​សទ្ធម្ម។
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 637644704684996408
ទៅកាន់ទំព័រ៖