ព្រះត្រៃបិដក ភាគ ៧៧
ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា តថាគតបានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ទៀបគល់អស្សត្ថព្រឹក្ស។ តថាគត មានរស្មីមួយព្យាមសព្វៗកាល មានកំពស់ ១៦ ហត្ថ ក្នុងកាលឥឡូវនេះ តថាគតមានអាយុតិច បានតែ១០០ ឆ្នាំ។ តថាគត កាលឋិតនៅអស់កាលត្រឹមនោះ បានញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាកសង្សារ ហើយតម្កល់ទុកគប់ភ្លើង គឺធម៌ ដើម្បីញ៉ាំងជនខាងក្រោយ ឲ្យបានត្រាស់ដឹងផង។ មិនយូរប៉ុន្មានទេ តថាគត ព្រមទាំងសង្ឃជាសាវ័ក នឹងនិព្វានក្នុងទីនេះ ដូចជាភ្លើងរលត់ ព្រោះអស់អាហារ គឺឧស។ អគ្គសាវ័កទាំងគូនេះឯង មានតេជះថ្លឹងពុំបានផង មានយស និងកម្លាំងឫទ្ធិផង តថាគតមានរាងកាយទ្រទ្រង់នូវគុណ វិចិត្រដោយលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ រស្មី ៦ ពណ៌ ភ្លឺទៅក្នុងទិសទាំង ១០ ដូចព្រះអាទិត្យ របស់ទាំងអស់នេះ នឹងវិនាសសូន្យទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។
ចប់ គោតមពុទ្ធវង្ស ទី២៥។
ID: 637644705921870752
ទៅកាន់ទំព័រ៖