ព្រះត្រៃបិដក ភាគ ៧៧

ខាងក្រោយ​នៃ​ព្រះសម្ពុទ្ធ ព្រះនាម​សោ​ភិ​តៈ​មក មាន​ព្រះពុទ្ធ ព្រះនាម​អនោមទស្សី ជាម​ហា​មុនី ត្រាស់​ឡើង​ក្នុង​លោក កប្ប​ជា​ចន្លោះ​នៃ​ព្រះពុទ្ធ​ទាំង ២ អង្គ នោះ គេ​មិន​អាច​រាប់​បាន​ឡើយ។ ព្រះ​នាយក ព្រះនាម​អនោមទស្សី ១ ព្រះ​នាម​បទុមៈ ១ ព្រះនាម​នារ​ទៈ ១ ព្រះពុទ្ធ​ជាម​ហា​មុនី​ទាំងនោះ ទ្រង់​ធ្វើ​នូវ​ទីបំផុត​នៃ​ងងឹត (ត្រាស់​ឡើង) ក្នុង​កប្ប​ជាមួយគ្នា។ ខាងក្រោយ​អំពី​ព្រះពុទ្ធ ព្រះនាម​នារ​ទៈ​មក មាន​ព្រះ​នាយក ព្រះ​នាម​បទុមុ​ត្ត​រៈ​កើតឡើង​ក្នុង​កប្ប​មួយ ញ៉ាំង​ប្រជុំជន​ជាច្រើន ឲ្យ​ឆ្លង​ចាក​សង្សារ។ កប្ប​ជា​ចន្លោះ​នៃ​ព្រះពុទ្ធ​ទាំង ២ ព្រះអង្គ​នោះ គឺ​ព្រះ​មានជោគ ព្រះនាម​នារ​ទៈ និង​ព្រះ​សាស្តា ព្រះ​នាម​បទុមុ​ត្ត​រៈ គេ​មិន​អាច​រាប់​បាន​ឡើយ។ ក្នុង​កប្ប​ទីមួយ​សែន មានតែ​ព្រះ​មហាមុនី ១ ព្រះអង្គ ព្រះ​នាម​បទុមុ​ត្ត​រៈ ជ្រាប​ច្បាស់​នូវ​ត្រៃលោក ព្រះអង្គ​គួរ​ទទួល​នូវ​គ្រឿងបូជា ដែលគេ​នាំមក​បូជា។ ក្នុង​កប្ប​ទី ៣ ម៉ឺន ខាងអាយ​ព្រះ​ពុទ្ធ​បទុមុ​ត្ត​រៈ​មក មាន​ព្រះ​នាយក ២ ព្រះអង្គ ព្រះនាម​សុ​មេ​ធៈ ១ សុជាតៈ ១ ត្រាស់​ឡើង​ក្នុង​លោក។ ក្នុង​កប្ប​ទីមួយ​ពាន់ ៨ រយ ខាងអាយ​ព្រះពុទ្ធ ព្រះនាម​សុជាតៈ​មក មាន​ព្រះ​នាយក ៣ អង្គ ព្រះនាម​បិយ​ទស្សី ១ អត្ថ​ទស្សី ១ ព្រះ​នាយក​ធម្ម​ទស្សី ១ ត្រាស់​ឡើង​ក្នុង​លោក។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637644706382184014
ទៅកាន់ទំព័រ៖