ព្រះត្រៃបិដក ភាគ ៧៧

ព្រះសម្ពុទ្ធ​ទាំងនោះ ឧត្តម​ជាង​សត្វ​ជើង ២ ជា​ព្រះសម្ពុទ្ធ រក​បុគ្គល​ប្រៀបផ្ទឹម​គ្មាន​ក្នុង​លោក បាន​ត្រាស់​ដឹង​ក្នុង​កប្ប​ជាមួយគ្នា។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ មាន​ព្រះ​មហាមុនី ព្រះនាម​សិទ្ធត្ថៈ​តែមួយ​អង្គ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ជា​ពេទ្យ​ដ៏​ប្រសើរ បាន​ត្រាស់​ឡើង​ក្នុង​លោក។ ក្នុង​កប្ប​ទី ៩២ អំពី​ភទ្ទកប្ប​នេះ ព្រះសម្ពុទ្ធ​ជានា​យក ២ ព្រះអង្គ ព្រះនាម​តិស្សៈ ១ បុស្សៈ ១ រក​បុគ្គល​ស្មើ​គ្មាន រក​បុគ្គល​ប្រៀបផ្ទឹម​គ្មាន បាន​ត្រាស់​ឡើង​ក្នុង​លោក។ ក្នុង​កប្ប​ទី ៩១ អំពី​ភទ្ទកប្ប​នេះ ព្រះសម្ពុទ្ធ ព្រះនាម​វិបស្សី ជា​លោកនាយក ព្រះអង្គ​ប្រកបដោយ​សេចក្តី​ករុណា ទ្រង់​ដោះ​សត្វ​ទាំងឡាយ ឲ្យ​រួចចាក​ចំណង (បាន​ត្រាស់​ឡើង​ក្នុង​លោក)។ ក្នុង​កប្ប​ទី ៣១ អំពី​ភទ្ទកប្ប​នេះ ព្រះ​នាយក ២ អង្គ ព្រះនាម​សិខី ១ វេស្សភូ ១ រក​បុគ្គល​ស្មើ​គ្មាន រក​បុគ្គល​ប្រៀបផ្ទឹម​គ្មាន (បាន​ត្រាស់​ឡើង​ក្នុង​លោក)។ ក្នុង​ភទ្ទកប្ប​នេះ ព្រះ​នាយក ៣ ព្រះអង្គ ព្រះនាម​កក្កុ​សន្ធៈ ១ កោនាគមនៈ ១ និង​ព្រះ​នាយក ព្រះ​នា​មកស្សបៈ ១ (បាន​ត្រាស់​ឡើង​ក្នុង​លោក)។
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637644706577964391
ទៅកាន់ទំព័រ៖