ព្រះត្រៃបិដក ភាគ ៧៧

តថាគត ជា​អ្នក​ចង់បាន​បុណ្យ បើ​ឃើញ​ស្រែបុណ្យ​ដ៏​ប្រសើរ​ថ្លៃថ្លា​ហើយ មិន​ធ្វើសក្ការៈ​ទេ តថាគត​ឈ្មោះថា ជា​អ្នក​មិន​ត្រូវការ​ដោយ​បុណ្យ យ៉ាងនោះ​ឯង។ ម៉្យាងទៀត ប្រៀប​ដូច​អាមាត្យ មានប្រាថ្នា​ជាធំ​ក្នុង​ក្រសួង​ត្រា (ហើយ​បណ្តេញ) ពួក​ជន ក្នុង​វាំង​របស់​ស្តេច មិន​ឲ្យ​ទ្រព្យ និង​ស្រូវ​ដល់​ជន​ទាំងនោះ អាមាត្យ​នោះ រមែង​សាបសូន្យ​ចាក​ត្រា យ៉ាងណាមិញ តថាគត​ជា​អ្នក​ប្រាថ្នា​បុណ្យ បានឃើញ​ទក្ខិណេយ្យ​បុគ្គល​ដ៏​ធំ​ទូលាយ ហើយ​មិន​ឲ្យ​ទាន ដល់​ទក្ខិណេយ្យ​បុគ្គល​នោះ តថាគត​រមែង​សាបសូន្យ​ចាក​បុណ្យ ក៏​យ៉ាងនោះ​ដែរ។ តថាគត​លុះ​គិតឃើញ​យ៉ាងនេះ​ហើយ ក៏​ដោះ​ស្បែកជើង ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​បច្ចេកពុទ្ធ​នោះ រួច​ប្រគេន​ឆ័ត្រ និង​ស្បែកជើង។ ហេតុ​នោះ បាន​ជាត​ថា​គត​ចម្រើន​ដោយ​សេចក្តី​សុខ ដល់​នូវ​សេចក្តី​សុខ​ដោយ​រយ​គុណ ម៉្យាងទៀត តថាគត​កាល​បំពេញ​ទាន ក៏បាន​ឲ្យ​ទាន​ដល់​ព្រះ​បច្ចេកពុទ្ធ យ៉ាងនេះ​ឯង។

ចប់ សង្ខ​ព្រាហ្មណ​ចរិយា ទី២។

ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 637644709261089415
ទៅកាន់ទំព័រ៖