ព្រះត្រៃបិដក ភាគ ៧៧
សិវិរាជចរិយា ទី៨
[៨] កាលតថាគត ជាក្សត្រឈ្មោះសិវិ សោយរាជ្យក្នុងនគរអរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏ប្រសើរ តថាគតគិតយ៉ាងនេះថា ទានណាមួយ ជារបស់មនុស្ស ទាននោះ គឺអញមិនដែលឲ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឲ្យ (ដល់យាចកនោះ)។ សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះរបស់តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា ស្តេចសិវិមានឫទ្ធិច្រើន គង់ក្នុងប្រាសាទដ៏ប្រសើរ កំពុងពិចារណានូវទានផ្សេងៗ (ដែលខ្លួនឲ្យហើយ) ស្តេចនោះ មិនឃើញនូវវត្ថុដែលខ្លួនមិនធ្លាប់ឲ្យសោះឡើយ។ ការណ៍នុ៎ះពិត ឬមិនពិតអេះ បើដូច្នេះ អញនឹងល្បងស្តេចនោះមើល អ្នកទាំងឡាយ ចូររង់ចាំមួយរំពេច ទំរាំយើងបានដឹងនូវព្រះរាជហឫទ័យនៃស្តេចនោះ (ព្រះឥន្ទ្រ ក៏ក្លែងខ្លួនជាព្រាហ្មណ៍) មានសក់ស្កូវ មានខ្លួនជ្រួញជ្រីវ ទូរន់ទូរាដោយជរា ព្រមទាំងមានសម្បុរអាក្រក់ ដើរញញាក់ញញ័រ ចូលទៅរកព្រះរាជា។
ID: 637644711305776978
ទៅកាន់ទំព័រ៖