ព្រះត្រៃបិដក ភាគ ៧៧
គ្រានោះ ព្រាហ្មណ៍នោះ ផ្គងដៃឆ្វេង និងដៃស្តាំ ហើយធ្វើអញ្ជលីលើសិរ្សៈ ពោលពាក្យនេះថា បពិត្រធម្មិកមហារាជ ជាអ្នកញុំាងដែនឲ្យចម្រើន ខ្ញុំព្រះអង្គសូមអង្វរព្រះអង្គ កិត្តិស័ព្ទរបស់ព្រះអង្គថា ត្រេកអរក្នុងទាន ល្បីទូទ័រទៅក្នុងទេវលោក និងមនុស្សលោក។ ភ្នែកទាំងពីរនៃទូលព្រះបង្គំ ត្រូវងងឹតបៀតបៀនហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រមួយ ដល់ទូលព្រះបង្គំ ចំណែកព្រះអង្គ សូមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយព្រះនេត្រម្ខាងចុះ។ តថាគតឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏រីករាយ មានចិត្តសង្វេគ ធ្វើអញ្ជលី មានសេចក្តីត្រេកអរ ហើយពោលថា ខ្ញុំទើបនឹងគិតឃើញអម្បាញ់មិញនេះ ហើយចុះអំពីប្រាសាទមកក្នុងទីនេះ អ្នកទំនងជាដឹងចិត្តខ្ញុំ ទើបមកសូមភ្នែកខ្ញុំ ឱហ្ន៎! សេចក្តីប្រាថ្នាក្នុងចិត្តនៃខ្ញុំ សម្រេចហើយ សេចក្តីត្រិះរិះនៃខ្ញុំ ពេញហើយ ទានដ៏ប្រសើរ ដែលខ្ញុំមិនធ្លាប់ឲ្យ ខ្ញុំនឹងឲ្យដល់ស្មូមក្នុងថ្ងៃនេះ។
ID: 637644711502183212
ទៅកាន់ទំព័រ៖