ព្រះត្រៃបិដក ភាគ ៧៧
ព្រះនាងផុស្សតីនោះ បានទទួលពរដែលសក្កទេវរាជឲ្យហើយ ក៏មានព្រះហឫទ័យត្រេកអររីករាយ ធ្វើតថាគតឲ្យនៅខាងក្នុង (ពរទាំងនោះ) ហើយទទួលយកពរទាំង ១០ ប្រការ។ ព្រះនាងផុស្សតីនោះ លុះច្យុតចាកឋានទេវលោកនោះហើយ មកកើតក្នុងត្រកូលក្សត្រ ហើយមកភប់ប្រសព្វនឹងសញ្ជយរាជកុមារ ក្នុងជេតុត្តរនគរ។ កាលណាតថាគតចុះមកកាន់ផ្ទៃនៃនាងផុស្សតី ជារាជមាតា ដែលជាទីស្រឡាញ់ ក្នុងកាលនោះ ដោយតេជានុភាពរបស់តថាគត មាតានៃតថាគត ក៏ត្រេកអរក្នុងទានសព្វៗកាល។ ព្រះនាងផុស្សតីនោះ ទ្រង់បរិច្ចាគទានដល់ពួកជនអ្នកឥតទ្រព្យ ពួកជនឈឺជានិច្ច ពួកជនចាស់ជរា ពួកយាចក ពួកអ្នកដំណើរ និងពួកសមណព្រាហ្មណ៍ ដែលមានអាសវៈអស់ហើយ មិនមានកិលេលជាគ្រឿងកង្វល់។ កាលព្រះនាងផុស្សតីទេវីនោះ ទ្រង់គភ៌គ្រប់១០ ខែហើយ ព្រះបាទសញ្ជយមហារាជ ទ្រង់នាំព្រះនាងទៅធ្វើប្រទក្សិណបុរី ព្រះនាងប្រសូតតថាគត ត្រង់កណ្តាលថ្នល់នៃអ្នកជំនួញ។ ឈ្មោះរបស់តថាគត មិនមែនជាប់មកអំពីមាតា មិនមែនជាប់មកអំពីបិតាទេ គឺព្រោះតែតថាគតកើតត្រង់កណ្តាលថ្នល់អ្នកជំនួញ ហេតុនោះបានជាឈ្មោះថាវេស្សន្តរ។
ID: 637644712157808236
ទៅកាន់ទំព័រ៖