ព្រះត្រៃបិដក ភាគ ៧៧
កាលណា តថាគតជាទារក មានអាយុ ៨ ឆ្នាំ អំពីកំណើត ក្នុងកាលនោះ តថាគតអង្គុយក្នុងប្រាសាទ ត្រិះរិះដើម្បីឲ្យនូវអជ្ឈត្តិកទានថា បើអ្នកណាមកសូមតថាគត តថាគតគប្បីឲ្យបេះដូង ឲ្យភ្នែក ឲ្យសាច់ និងឈាម ឬក៏គេញ៉ាំងតថាគត ឲ្យដឹងឮថា (អ្នកចូរធ្វើជាទាសៈរបស់ខ្ញុំ) តថាគតនឹងព្រមប្រគល់កាយ (ដល់អ្នកនោះ)។ កាលតថាគតកំពុងគិតនូវភាពដែលមិនញាប់ញ័រ ដែលមិនរួញរា មហាប្រឹថពី មានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រក្នុងទីនោះ។ តថាគតឡើងជិះដំរីឈ្មោះបច្ច័យ ចូលទៅ (កាន់សាលាទាន) ដើម្បីឲ្យទានក្នុងថ្ងៃឧបោសថ ខែពេញបូណ៌មីទី ១៥ ក្នុងកន្លះខែ ជាលំដាប់។ ព្រាហ្មណ៍ទាំងឡាយ ដែលនៅក្នុងដែនកាលិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតជាសត្វមង្គលថា ជនបទ (របស់យើងខ្ញុំព្រះអង្គ) មិនមានភ្លៀង ទុរ្ភិក្សអត់ឃ្លានខ្លាំង សូមព្រះអង្គព្រះរាជទានដំរីប្រសើរ មានអវយវៈសសុទ្ធ ជាដំរីឧត្តម។
ID: 637644712352495693
ទៅកាន់ទំព័រ៖