ព្រះត្រៃបិដក ភាគ ៧៧
ព្រាហ្មណ៍ទាំងឡាយ សូមដំរីណា ចំពោះតថាគត តថាគតឲ្យដំរីនោះ ឥតញាប់ញ័រឡើយ តថាគតមិនលាក់លៀមនូវទេយ្យធម៌ដែលមាន ព្រោះចិត្តរបស់តថាគតត្រេកអរក្នុងទាន។ កាលបើយាចកមកដល់ហើយ ការប្រកែកក៏មិនសមគួរដល់តថាគត ការសមាទានរបស់តថាគត កុំបីបែកធ្លាយឡើយដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ។ តថាគតចាប់ដំរីត្រង់ប្រមោយ រួចច្រួចទឹកក្នុងកណ្ឌី ជាវិការៈនៃកែវ ដាក់លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍។ កាលតថាគតឲ្យដំរីដ៏ឧត្តមសសុទ្ធដទៃទៀត ក្នុងកាលនោះ មហាប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។ ព្រោះតែការឲ្យនូវដំរីនោះ ជាហេតុឲ្យពួកអ្នកដែនសិវិខឹងខ្លាំង ក៏មកប្រជុំគ្នា ហើយបណ្តេញតថាគតចាកដែនរបស់ខ្លួន ដោយពាក្យថា សូមព្រះអង្គទៅនៅវង្កតបព៌តទៅ។ កាលពួកអ្នកដែនសិវិនោះ បណ្តេញតថាគតអោយចេញចាកដែន ចិត្តរបស់តថាគតមិនញាប់ញ័រ មិនតក់ស្លុតទេ តថាគតបានសូមពរមួយដ៏ប្រសើរ នឹងជនទាំងនោះ ដើម្បីញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ។
ID: 637644712553120784
ទៅកាន់ទំព័រ៖