ព្រះត្រៃបិដក ភាគ ៧៧
ពួកអ្នកដែនសិវិទាំងអស់ ដែលតថាគតសូមពរហើយ ក៏ឲ្យនូវពរមួយដ៏ប្រសើរ ដល់តថាគត ៗ ញ៉ាំងគេឲ្យដឹងឮដោយស្គរមានត្រចៀក ហើយឲ្យមហាទាន។ គ្រានោះ សំឡេងកោលាហល ដែលនាំឲ្យភ័យធំ ក៏ប្រព្រឹត្តទៅនៅក្នុងរោងទាននុ៎ះថា (ពួកអ្នកដែនសិវិ) បណ្តេញព្រះបាទវេស្សន្តរនេះ ព្រោះតែទាន ឥឡូវព្រះបាទវេស្សន្តរនេះ នៅតែឲ្យទានទៀត។ កាលនោះ តថាគតឲ្យដំរី សេះ រថ ខ្ញុំស្រី ខ្ញុំប្រុស មេគោ និងទ្រព្យ លុះឲ្យមហាទានហើយ ក៏ចេញអំពីនគរ។ លុះតថាគតចេញចាកនគរហើយ ក៏ងាកមើលទៅព្រះនគរវិញ កាលនោះ មហាប្រឹថពី ដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។ តថាគតឲ្យនូវរថដែលទឹម ដោយសេះសន្ធព ៤ ហើយឋិតនៅក្នុងផ្លូវធំ ៤ ជាបុគ្គលតែម្នាក់ឯង មិនមានបុគ្គលជាគម្រប់ពីរ និយាយនូវពាក្យនេះ នឹងនាងមទ្រីទេវីថា ម្នាលនាងមទ្រី នាងចូរពកណ្ហាជិនាចុះ ព្រោះកណ្ហាជិនាជាប្អូននេះ ស្រាល បងនឹងពជាលីកុមារ ព្រោះជាលីកុមារជាបងធ្ងន់។
ID: 637644712746558339
ទៅកាន់ទំព័រ៖