ព្រះត្រៃបិដក ភាគ ៧៧
នាងមទ្រីទេវីពកណ្ហាជិនា ដូចជាផ្កាឈូកស តថាគតពក្សត្រជាលី ដូចជារូបភាពជាវិការៈនៃមាស។ ខត្តិយជនទាំង ៤ អង្គ ធ្លាប់ចម្រើនដោយសេចក្តីសុខ មានជាតិខ្ពង់ខ្ពស់ កាលស្តេចទៅក្នុងផ្លូវមិនរាបស្មើខ្លះ រាបស្មើខ្លះ (ដោយគិតថា) យើងនឹងទៅកាន់វង្កតបព៌ត។ បើមនុស្សណាមួយ ដើរមកក្នុងផ្លូវបណ្តោយគ្នា ឬផ្លូវជួបគ្នា យើងនឹងសាកសួរផ្លូវនឹងមនុស្សទាំងនោះថា វង្កតបព៌តនៅក្នុងទីណា។ មនុស្សទាំងនោះ ឃើញយើងក្នុងទីនោះ នឹងប្រាប់ (នូវផ្លូវដែលទៅ) កាន់ភ្នំ ដោយសេចក្តីករុណា មនុស្សទាំងនោះ ដឹងនូវទុក្ខ (របស់យើង នឹងប្រាប់ថា) វង្កតបព៌ត នៅក្នុងទីឆ្ងាយអំពីទីនេះ។ បើទារកទាំងពីរឃើញឈើ មានផ្លែក្នុងព្រៃធំ ព្រោះហេតុនៃផ្លែឈើទាំងនោះ ទារកទាំងពីរនឹងយំទារ។ ដើមឈើធំខ្ពស់ទាំងឡាយ ព្រោះឃើញទារកទាំងពីរយំ ក៏ទោរទន់ចូលមកជិតទារកដោយខ្លួនឯង។
ID: 637644712947183145
ទៅកាន់ទំព័រ៖