ព្រះត្រៃបិដក ភាគ ៧៧
ម្ចាស់ទូកទាំងឡាយ តែងលះបង់ទូកចាស់ ដែលពុកផុយ លេចចូលទឹក ឥតមានអាឡោះអាល័យ ឥតត្រូវការវិញ យ៉ាងណាមិញ អាត្មាអញនឹងលះបង់នូវកាយនេះ ដែលមានរន្ធ ៩ ហូរជានិច្ច ហើយចេញទៅ ដូចជាម្ចាស់ទូក លះចោលទូកចាស់ ដូច្នោះឯង។ បុរសកាលដើរទៅជាមួយនឹងពួកចោរ យកទ្រព្យជាប់ទៅផង ឃើញភ័យអំពីការខូចខាតទ្រព្យ ក៏លះបង់ហើយដើរទៅ យ៉ាងណា កាយនេះ ក៏មានឧបមាស្មើដោយមហាចោរ អាត្មាអញនឹងលះបង់កាយនេះចេញ ព្រោះខ្លាចខូចខាតកុសលធម៌ យ៉ាងនោះដែរ។ លុះតថាគតគិតឃើញយ៉ាងនេះហើយ ក៏ឲ្យទ្រព្យជាច្រើនរយកោដិ ដល់ពួកជនដែលមានទីពឹង និងពួកជនដែលឥតទីពឹង ហើយចូលទៅកាន់ព្រៃហិមពាន្ត។ មានភ្នំមួយឈ្មោះធម្មិក នៅជិតព្រៃហិមពាន្ត តថាគតធ្វើអាស្រម សាងបណ្ណសាលាក្បែរភ្នំនោះ។ តថាគតនិម្មិតនូវទីចង្ក្រម ដែលប្រាសចាកទោស ៥ ប្រការ នៅក្បែរអាស្រមបទនោះ នាំមកនូវអភិញ្ញាពលៈ ដែលប្រកបដោយគុណ ៨ ប្រការ។
ID: 637644648075109038
ទៅកាន់ទំព័រ៖