ព្រះត្រៃបិដក ភាគ ៧៧

កាល​តថាគត បរិច្ចាគ​បុត្ត​ទាំងពីរ​របស់​ខ្លួន ដល់​ជូជក​ព្រាហ្មណ៍ កាលនោះ ប្រឹថពី​ដែល​មាន​ភ្នំ​សិនេរុ និង​ព្រៃ​ជា​គ្រឿងប្រដាប់ ក៏​ញាប់ញ័រ។ ព្រះឥន្ទ្រ​បាន​ក្លែងភេទ ជា​ព្រាហ្មណ៍​ម្តង​ទៀត ចុះ​មក​សូម​នាង​មទ្រី​ទេវី ដែល​មាន​សីល មាន​វត្ត​ចំពោះ​ប្តី នឹង​តថាគត។ តថាគត​មាន​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ដោយជ្រះថ្លា ចាប់​នាង​មទ្រី​ទេវី ត្រង់​ដើមដៃ ហើយ​ច្រួចទឹក ដាក់លើ​អញ្ជលី​នៃ​ព្រាហ្មណ៍ ឲ្យ​នាង​មទ្រី​ដល់​ព្រាហ្មណ៍។ កាលដែល​តថាគត​ឲ្យ​នាង​មទ្រី ទេវតា​ឰដ៏​អាកាស ក៏​ត្រេកអរ​រីករាយ ប្រឹថពី​ដែល​មាន​ភ្នំ​សិនេរុ និង​ព្រៃ​ជា​គ្រឿងប្រដាប់ ក៏​ញាប់ញ័រ​ក្នុង​កាលនោះ។ កាល​តថាគត បរិច្ចាគ​ជាលី​កុមារ កណ្ហាជិនា​ធីតា និង​នាង​មទ្រី​ទេវី ដែល​មាន​វត្ត​ចំពោះ​ប្តី ឥត​គិត​ក្តៅក្រហាយ​សោះ​ឡើយ ក៏​ព្រោះ​ហេតុ​នៃ​ពោធិញ្ញាណ​តែ​ម៉្យាង។ បុត្រ​ទាំងពីរ​មិនមែន​ជាទី​ស្អប់​របស់​តថាគត​ទេ ទាំង​នាង​មទ្រី​ទេវី ក៏​មិនមែន​ជាទី​ស្អប់​របស់​តថាគត​ដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​របស់​តថាគត បាន​ជាត​ថា​គត​ឲ្យ​បុត្រ និង​ភរិយា​ជាទីស្រឡាញ់។
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 637644713620308227
ទៅកាន់ទំព័រ៖