ព្រះត្រៃបិដក ភាគ ៧៧
សត្វជាសំឡាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទានតាមសេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល។ ឯតថាគត ដេកគិតនូវទានដែលសមគួរ ដល់ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអញនឹងឲ្យទានដូចម្តេច។ ល្ង និងសណ្តែកបាយនៃអញគ្មានទេ សណ្តែករាជមាស អង្ករ និងខ្លាញ់នៃអញ ក៏គ្មានដែរ អញញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេ ដូច្នេះ បើមានទក្ខិណេយ្យបុគ្គលណាមួយ ដើរមកក្នុងសំណាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន នឹងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ព្រះឥន្ទ្រដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅតថាគត ដើម្បីល្បងទានរបស់តថាគត។ តថាគតឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រេកអរ បានពោលពាក្យនេះថា ពេញជាល្អមែន អ្នកមកក្នុងសំណាក់ខ្ញុំ ព្រោះហេតុតែអាហារ។
ID: 637644714287183168
ទៅកាន់ទំព័រ៖