ព្រះត្រៃបិដក ភាគ ៧៧

ក្នុងថ្ងៃនេះ ខ្ញុំ​នឹង​ឲ្យ​នូវ​ទាន​ដ៏​ប្រសើរ​ដល់​អ្នក ជា​ទាន​ដែល​ខ្ញុំ​មិនធ្លាប់​ឲ្យ​ឡើយ អ្នក​ប្រកបដោយ​គុណ គឺ​សីល ការបៀតបៀន​សត្វ​ដទៃ មិន​គួរ​ដល់​អ្នក​ឡើយ អ្នក​ចូរ​មក ចូរ​ទៅ​នាំ​យក​ឧស​ផ្សេងៗ មក​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង ខ្ញុំ​នឹង​ដុត​ខ្លួន អ្នក​នឹង​បាន​បរិភោគ​សាច់​ឆ្អិន។ ឥន្ទ​ព្រាហ្មណ៍​នោះ មានចិត្ត​ត្រេកអរ ទទួល​ថា សាធុ ហើយ​ទៅ​នាំ​ឧស​ផ្សេងៗ យក​មក​ធ្វើ​ជើងថ្ករ​យ៉ាង​ធំ ហើយ​ធ្វើឲ្យ​មានផ្ទៃ ពេញដោយ​រងើកភ្លើង។ គំនរ​ភ្លើង​ធំ​នោះ ឆេះឆាប យ៉ាងណា ឥន្ទ​ព្រាហ្មណ៍​នោះ ក៏​ដុតភ្លើង​ឆេះ​សន្ធោសន្ធៅ​ក្នុង​ទីនោះ យ៉ាងនោះ តថាគត រលាស់ខ្លួន​ដែល​ប្រឡាក់​ដោយ​ធូលី ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​នោះ។ កាលណា គំនរ​ឧស​ធំ ត្រូវ​ភ្លើង​ឆេះ ឮសូរ​សំឡេង​ធុំ​ធុំ កាលនោះ តថាគត​លោត​ទម្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាល​ចន្លោះ​អណ្តាត​ភ្លើង ធម្មតា​ទឹក​ត្រជាក់ ដែល​បុគ្គល​ណាមួយ​ចុះទៅ​ហើយ រមែង​ញ៉ាំង​សេចក្តី​ក្រវល់ក្រវាយ ក្តៅក្រហាយ ឲ្យ​ស្ងប់​រម្ងាប់ បាន​ញ៉ាំង​សេចក្តី​ត្រេកអរ និង​បីតិ ឲ្យ​កើតឡើង​យ៉ាងណា។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637644714499370658
ទៅកាន់ទំព័រ៖