ព្រះត្រៃបិដក ភាគ ៧៧
កាលតថាគតចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ ក៏ញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យស្ងប់រម្ងាប់ ដូចជាទឹកត្រជាក់ ដូច្នោះឯង។ តថាគតបានឲ្យសម្បុរថ្ងៃ ស្បែក សាច់ សរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យមានសេសសល់ ដល់ព្រាហ្មណ៍។
ចប់ សសបណ្ឌិតចរិយា ទី១០។
ឧទ្ទាននៃចរិយានោះ
អកិត្តិចរិយា ១ សង្ខព្រាហ្មណចរិយា ១ ស្តេចក្នុងដែនកុរុ ព្រះនាមធនញ្ជ័យ (កុរុធម្មចរិយា) ១ មហាសុទស្សនរាជ (សុទស្សនចរិយា) ១ មហាគោវិន្ទចរិយា ១ នេមិរាជចរិយា ១ ចន្ទកុមារចរិយា ១ សិវិរាជចរិយា ១ វេស្សន្តរចរិយា ១ សសបណ្ឌិតចរិយា ១ បុគ្គលណាបានឲ្យទានដ៏ប្រសើរទាំងឡាយនោះ ក្នុងកាលនោះ បុគ្គលនោះ គឺតថាគតហ្នឹងឯង។ ការបរិច្ចាគនូវទេយ្យធម៌ទាំងឡាយនុ៎ះ ជាបរិក្ខារនៃទាន ការបរិច្ចាគនូវទានដ៏ប្រសើរទាំងឡាយនុ៎ះ ជាបារមីនៃទាន (ហេតុនោះ) បានជាតថាគត ឲ្យនូវជីវិតដល់យាចក ហើយបំពេញនូវបារមីនេះ។
ID: 637644714802026897
ទៅកាន់ទំព័រ៖