ព្រះត្រៃបិដក ភាគ ៧៧
តថាគតឃើញយាចក ចូលមកដើម្បីភិក្ខា ក៏បានលះបង់ខ្លួនជារបស់ខ្លួន បុគ្គលអ្នកឲ្យទាន ស្មើដោយទានរបស់តថាគត មិនមានឡើយ នេះជាទានបារមីរបស់តថាគត។
ចប់ ទានបារមី។
សីលបរមិតា
សីលវនាគចរិយា ទី១
[១១] កាលដែលតថាគតកើតជាដំរី ជាសត្វចិញ្ចឹមមាតា នៅក្នុងព្រៃធំ កាលនោះ នឹងរកអ្នកណាលើផែនដីនេះ ឲ្យស្មើនឹងតថាគតដោយសីលគុណ មិនមានឡើយ។ មានថ្មើរព្រៃម្នាក់ ឃើញតថាគតក្នុងព្រៃ ក៏ក្រាបទូលដល់ស្តេចពារាណសីថា បពិត្រមហារាជ គជសារមួយនៅក្នុងព្រៃធំ ជាសត្វមានសភាពសមគួរដល់ព្រះអង្គ ដំរីនោះ មិនមានសេចក្តីត្រូវការដោយស្នាមភ្លោះទេ មិនមានសេចក្តីត្រូវការដោយខ្សែ ប្រកាំ និងរណ្តៅទេ ដំរីនោះ គ្រាន់តែបុគ្គលចាប់ទាញប្រមោយ នឹងមកក្នុងទីនេះ ដោយខ្លួនឯង។ ចំណែកខាងព្រះរាជា ទ្រង់បានព្រះសណ្តាប់នូវពាក្យរបស់ថ្មើរព្រៃនោះហើយ ក៏មានព្រះរាជហឫទ័យត្រេកអរ ទើបទ្រង់ប្រើហ្មដំរី ដែលជាហត្ថាចារ្យឈ្លាសវាងវៃ បានសិក្សាវិជ្ជាចាប់ដំរីចេះល្អិតល្អ។
ID: 637644715116870834
ទៅកាន់ទំព័រ៖