ព្រះត្រៃបិដក ភាគ ៧៧

ហ្មដំរី​នោះ លុះ​ទៅដល់ ក៏​ឃើញ​តថាគត កំពុង​ដក​មើម​ឈូក ក្រអៅឈូក ក្នុង​បទុម​ស្រះ ដើម្បី​ចិញ្ចឹម​មាតា។ នាយ​ហត្ថាចារ្យ​នោះ លុះ​ដឹង​ច្បាស់​សីលគុណ​នៃ​តថាគត ក៏​ពិចារណា​ឃើញ​លក្ខណៈ (នៃ​តថាគត) ហើយ​ពោល​ថា ម្នាលកូន អ្នក​ចូរ​មក ហើយ​ចាប់​ដឹក​តថាគត​ត្រង់​ប្រមោយ។ កាលនោះ កម្លាំង​ណា​ប្រព្រឹត្តទៅ​ក្នុង​សរីរៈ​នៃ​តថាគត ដែល​តាំងនៅ​ដោយ​ប្រក្រតី កម្លាំង​នោះ​ប្រាកដ​ស្មើដោយ​កម្លាំង​នៃ​ដំរី​ច្រើន​ពាន់ ក្នុងថ្ងៃនេះ។ បើ​តថាគត ខឹង​ចំពោះ​ជន​ទាំងឡាយ​នោះ ដែល​ចូល​មក​ចាប់​តថាគត តថាគត​អាច (នឹង​ញាំញី​នូវ​ជីវិត) នៃ​មនុស្ស​នោះ រហូតដល់​រាជ្យ ជា​របស់​មនុស្ស​ក៏បាន។ តែ​តថាគត​រក្សាសីល (សូម្បី​ឃើញ) នូវ​ជន​កាល​ដាក់​តថាគត​ក្នុង​រោង ក៏​មិន​ធ្វើ​ចិត្ត​ឲ្យ​រាយមាយ ដើម្បី​បំពេញ​នូវ​សីល​បារមី។ ប្រសិនបើ​ជន​ទាំងឡាយ​នោះ កាប់​ចាក់​តថាគត​ដោយ​ប៉ូវថៅ និង​លំពែង​ស្នែងក្របី ក្នុង​ទីនោះ ក៏​តថាគត​មិន​ក្រោធ​ខឹង ចំពោះ​ជន​ទាំងនោះ ព្រោះ​តថាគត​ខ្លាច​ដាច់​សីល។

ចប់ សីល​វនា​គចរិយា ទី១។

ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 637644715338120734
ទៅកាន់ទំព័រ៖