ព្រះត្រៃបិដក ភាគ ៧៧
ចូឡពោធិចរិយា ទី៤
[១៤] ចរិយាដទៃទៀត កាលដែលតថាគតជាបរិព្វាជក ឈ្មោះចូឡពោធិ ជាអ្នកមានសីលល្អ ឃើញនូវភពថាជារបស់គួរខ្លាចហើយ ក៏ចេញទៅសាងអភិនេស្ក្រម។ នាងព្រាហ្មណី មានសម្បុរដូចមាស នាងជាភរិយារបស់តថាគត នាងមិនមានអាល័យក្នុងវដ្តៈ ក៏បានចេញទៅសាងអភិនេស្ក្រមដែរ នាងមិនមានអាល័យ លះបង់នូវផៅពង្ស មិនជាប់នឹងពួកត្រកូល តថាគត និងព្រាហ្មណីនោះ ដើរទៅកាន់ស្រុក និងនិគម ក៏បានចូលទៅកាន់ក្រុងពារាណសី។ យើងទាំងពីរនាក់ ជាអ្នកមានបញ្ញា នៅជិតក្រុងពារាណសីនោះ មិននៅច្រឡូកច្រឡំក្នុងពួកត្រកូលទេ នៅក្នុងឧទ្យានស្តេច ជាទីមិនមានសំឡេង មិនមានវឹកវរ។ ព្រះរាជាទ្រង់ស្តេចទៅទតឧទ្យាន បានឃើញព្រាហ្មណី ទ្រង់ចូលទៅសួរតថាគតថា ស្រីនេះជាភរិយារបស់លោក ឬជាភរិយារបស់អ្នកណា។
ID: 637644716867183260
ទៅកាន់ទំព័រ៖