ព្រះត្រៃបិដក ភាគ ៧៧
កាលព្រះរាជា ទ្រង់ត្រាស់សួរយ៉ាងនេះហើយ តថាគតបានទូលព្រះរាជាថា ស្រីនេះមិនមែនជាភរិយារបស់អាត្មាភាពទេ គ្រាន់តែជាស្រីមានធម៌ត្រូវគ្នា មានសាសនាត្រូវគ្នាប៉ុណ្ណោះ។ ព្រះរាជាមានព្រះទ័យប្រតិព័ទ្ធ ចំពោះបរិព្វាជិកានោះ ក៏ប្រើរាជបុរសឲ្យចាប់សង្កត់សង្កិនដោយកម្លាំង យកចូលទៅខាងក្នុងព្រះរាជវាំង។ កាលភរិយាមានជាតិជាមួយគ្នា មានសាសនាត្រូវគ្នា របស់តថាគត ដែលរាជបុរសទាញអូសនាំទៅនោះ សេចក្តីក្រោធក៏កើតឡើងដល់តថាគត។ កាលសេចក្តីក្រោធកើតឡើង តថាគតពិចារណានូវសីលវ័ត ផ្ទញ់ផ្ទាល់នូវសេចក្តីក្រោធក្នុងទីនោះ មិនឲ្យចម្រើនឡើងបាន ប្រសិនបើអ្នកណាមួយចាក់ព្រាហ្មណីនោះ ដោយលំពែងដ៏មុត តថាគតក៏មិនទម្លាយសីល ព្រោះហេតុនៃពោធិញ្ញាណ ព្រាហ្មណីនោះ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងកម្លាំងតថាគត ក៏មិនមែនជាមិនមានឡើយ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតរក្សាសីលតែម៉្យាង។
ចប់ ចូឡពោធិចរិយា ទី៤។
ID: 637644717083902571
ទៅកាន់ទំព័រ៖