ព្រះត្រៃបិដក ភាគ ៧៧
កាលទេវតាពោលយ៉ាងនេះហើយ តថាគតបាននិយាយតបទៅនឹងទេវតានោះវិញថា (ម្នាលទេវតា) បើទុកជាអ្នកប្រឡាក់ខ្ញុំដោយសាកសព លាមក ថោកទាប ដូចម្តេចក៏ដោយ ក៏ខ្ញុំមិនធ្វើតាមពាក្យអ្នកឡើយ។ ព្រោះថា បើខ្ញុំខឹងនឹងស្វានេះ ខ្ញុំជាបុគ្គលថោកទាបជាងស្វានោះទៅទៀត សីលរបស់ខ្ញុំនឹងបែកធ្លាយផង វិញ្ញូជនទាំងឡាយ នឹងតិះដៀលដល់ខ្ញុំផង។ ការស្លាប់ដោយសេចក្តីបរិសុទ្ធិ ប្រសើរជាងការរស់នៅ ដែលពួកអ្នកប្រាជ្ញតិះដៀល បើយ៉ាងនេះ ឲ្យខ្ញុំធ្វើនូវការបៀតបៀនអ្នកដទៃ ព្រោះហេតុតែជីវិត (របស់ខ្លួន) ដូចម្តេចកើត។ បុគ្គលប្រកបដោយប្រាជ្ញា កាលអត់ទ្រាំចំពោះសេចក្តីមើលងាយ (របស់ពួកជនដទៃ) ក្នុងហេតុយ៉ាងមុទុ មជ្ឈិម និងឧក្រិដ្ឋ រមែងបានសម្រេចដូចសេចក្តីប្រាថ្នាក្នុងចិត្តយ៉ាងនេះឯង។
ចប់ មហិសរាជចរិយា ទី៥។
រុរុមិគចរិយា ទី៦
[១៦] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចម្រឹគ ឈ្មោះរុរុ សម្បុរស្បែកដូចមាសដែលជាងដុតល្អ ប្រកបដោយសីលដ៏ឧត្តម។
ID: 637644717688589534
ទៅកាន់ទំព័រ៖