ព្រះត្រៃបិដក ភាគ ៧៧
កាលនោះ ប្រទេសដែលគួរឲ្យត្រេកអរ គួរឲ្យរីករាយ ជាប្រទេសស្ងាត់សូន្យ មិនមានមនុស្ស នៅជិតច្រាំងទន្លេគង្គា គួរជាទីរីករាយនៃចិត្ត តថាគតបានចូលទៅនៅក្នុងទីនោះ។ កាលនោះ មានបុរសសំណាក់ (ចំពាក់បំណុលគេ) ត្រូវពួកម្ចាស់ទ្រព្យតឹងទារខ្លាំង ក៏លោតទម្លាក់ខ្លួនចុះក្នុងទីខាងលើខ្សែទឹកទន្លេគង្គា ដោយគិតថា អញរស់ក៏ដោយ ស្លាប់ក៏ដោយ។ បុរសនោះ ត្រូវខ្សែទឹកទន្លេគង្គា កួចទៅក្នុងទឹកធំ អស់មួយយប់មួយថ្ងៃ ស្រែកនូវសម្រែកគួរអាណិត អណ្តែតទៅក្នុងកណ្តាលទន្លេ។ តថាគតឮសំឡេងនៃបុរសនោះ កំពុងខ្សឹកខ្សួល គួរអាណិត ឋិតនៅទៀបឆ្នេរនៃស្ទឹង ក៏ស្រែកសួរថា អ្នកជាមនុស្សឬ។ បុរសនោះ ដែលតថាគតសួរហើយ ក៏ប្រាប់ហេតុរបស់ខ្លួន ក្នុងកាលនោះថា ខ្ញុំភ័យតក់ស្លុតខ្លាំងនឹងពួកម្ចាស់បំណុល ហើយស្ទុះមកក្នុងស្ទឹងធំនេះ។ តថាគតមានសេចក្តីអាណិតចំពោះបុរសនោះ ក៏ប្រថុយលះបង់ជីវិតរបស់ខ្លួន ចូលទៅនាំយកបុរសនោះមកក្នុងរាត្រីដ៏ងងឹត។
ID: 637644717962827893
ទៅកាន់ទំព័រ៖